Wednesday, March 11, 2009

កម្មសិទ្ធិ​លើ​ចំណែក​​ឯកជន​បើក​ទ្វារ​បន្តិច​ម្តងៗ​អោយ​ជន​បរទេស​រស់នៅ​កម្ពុជា

ភ្នំពេញ (កម្ពុជា) ថ្ងៃទី​១៩​ មករា​ ២០០៩៖ ព្រះសង្ឃ​មួយ​អង្គ​នៅ​មុខ​​ការ​ដ្ឋាន​សំណង់​របស់​ធនាគារ​កាណាឌីយ៉ា។​ នេះ​ជា​អគារ​ខ្ពស់​មួយ​​ក្នុងចំណោម​អគារ​ខ្ពស់​ៗ​ជាច្រើន​ទៀត​ក្នុង​ក្រុង​ ភ្នំពេញ ដែល​អាច​នឹង​បើក​ទ្វារផ្តល់​កម្មសិទ្ធិអោយជនបរទេស។
©វណ្ឌី រតនា


ការដ្ឋាន ​សំណង់​នៅទ្រឹង​ឥតកម្រើក ឬបន្ថយ​ល្បឿន​​ ព្រោះ​វាយប្រហារ​ដោយ​ព្យុះ​បក់​បោក​នៃ​វិបត្តិ​ហិរញ្ញវត្ថុ​ពិភពលោក រីឯ​តម្លៃដីធ្លី​វិញ​ធ្លាក់​ចុះ​មិន​អាច​គ្រប់​គ្រងបាន… ភាព​រំជើបរំជួល​មិន​គួរ​អោយជឿនៃតម្លៃ​​អចលនទ្រព្យ​ ដែលបាន​​​កើន​ឡើង​នៅ​ក្នុង​​ព្រះ​រាជាណាចក្រ​​ខ្មែរ​ដ៏តូច​នេះ ក៏​​កំពុង​ជាប់​គាំង​​​។​​ ដើម្បី​ព្យាយាម​​ធ្វើ​អោយ​វិស័យ​នេះ​ដំណើរ​ការ​ឡើង​វិញ​ រដ្ឋាភិបាល​ខ្មែរ​បាន​គាស់​​យក​​មក​វិញ​នូវ​​គំនិត​មួយ​ដែល​ធ្លាប់​​ត្រូវ​ គេ​លើក​ឡើង​រួច​ហើយ​កាលពី​អតីត​កាល​​។ គំនិត​នោះ​គឺ​ការ​អនុញ្ញាត​​​អោយ​ជន​បរទេស​​ដែល​មក​តាំង​លំនៅ​នៅ​កម្ពុជា​ អាច​ទទួល​បាន​​កម្មសិទ្ធិ​ឯកជន​។ សេចក្តីព្រាង​ច្បាប់​មួយស្តី​ពី​សិទ្ធិ​កម្ម​សិទ្ធិ​លើ​ចំណែក​ឯកជន​​នៃ​អគារ ​សហ​​កម្ម​សិទ្ធិ​​កំពុង​តែ​ត្រូវ​បាន​​រៀប​រៀង​ឡើង​។ សេចក្តីព្រាង​ច្បាប់​នេះ​នឹង​អនុញ្ញាត​អោយ​ជន​បរទេស​​​ទិញ​ចំណែក​ឯក​ជន​ នៃអគារ​សហ​កម្ម​សិទ្ធិ​ ហៅ​ថា​សហវិជិតរាជ្យ (ខុនដូ)​ ដោយ​ដាក់​ឈ្មោះ​ខ្លួន​ឯង​។ នេះ​គឺ​ជា​វិធានការ​ដែល​បណ្តា​ទីភ្នាក់​ងារ​អចលន​វត្ថុ​​​នៅ​ក្នុង​ ប្រទេសចង់​បាន​ជាយូរ​មក​ហើយ​។

ការ​យក​គំរូ​តាមបណ្តា​ប្រទេស​ជិតខាង
​លោក​សេក សេដ្ឋា អនុរដ្ឋលេខាធិការ​ក្រសួង​រៀប​ចំ​ដែន​ដី ទទួល​បន្ទុក​ឯកសារ​នេះ​បាន​ថ្លែង​ថា​ ចាប់​​​តាំង​ពី​ដំណាច់​ឆ្នាំ​២០០៨មក ក្រសួងរៀបចំដែនដី នគរូបនីយកម្ម​ និងសំណង់​ ផ្តោត​ការយក​ចិត្ត​​ទុកដាក់​ទៅ​លើ​ការ​រៀប​រៀង​ច្បាប់​មួយ​នេះ ដែល​ឆ្លើយ​តប​នឹង​ឆន្ទៈ​នយោបាយ​​របស់​រដ្ឋាភិបាល​​ក្រុង​ភ្នំពេញ​ ក្នុងការ​សម្រួល​ដល់​ការងារ​ជន​បរទេស​ ជាពិសេស​វិនិយោគិន​បរទេស​ដែល​មក​តាំង​ទីលំនៅ​នៅ​កម្ពុជា។ លោក​មានប្រសាសន៍ថា៖ «រដ្ឋាភិបាល​បាន​ដាក់​គម្រោង​​នេះ​សិក្សា​តាំង​ពី​យូរ​មក​ហើយ ដោយ​យក​គំរូ​តាម​បណ្តាប្រទេស​ជិតខាង​ និង​តាម​ប្រទេស​​នៅ​ក្នុង​តំបន់​​ដែល​បាន​ផ្តល់​ការអនុញ្ញាតអោយ​ជន​បរទេស​ ក្លាយ​ជា​ម្ចាស់កម្មសិទ្ធិ​រួច​ហើយ​»​។​ លោក​បន្ថែម​ទៀតថា ជាបឋម​ វិធានការនេះ​នឹង​ផ្តោត​ទៅលើ​​​ជន​បរទេស​ដែល​មាន​សារៈ​ប្រយោជន៍​ដល់​ប្រទេស​​ ​កម្ពុជា ដូច​ជា​ការ​ចូល​រួម​របស់​ពួកគេ ​​​ធ្វើ​អោយ​សេដ្ឋកិច្ច​ជាតិ​រីក​ចម្រើន​ ​ការ​ការ​ពារ​បរិស្ថាន និងធនធានធម្មជាតិ ឬវិស័យ​សង្គម​កិច្ច​។​

អត្ថបទច្បាប់​មួយ​នេះ​ត្រូវ​បាន​ទាមទារ​ដោយ​ទីភ្នាក់ងារ​អចលន​វត្ថុ​​​សំខាន់​ៗ​នៅ​កម្ពុជា​។ លោក​នាយកក្រុមហ៊ុន​Bonna Realty ​ដែល​ជា​ក្រុម​ហ៊ុន​​​សំខាន់​មួយ​នៅ​លើ​​ទីផ្សារ​អចលន​ទ្រព្យ និយាយថា លោក​បាន​អំពាវនាវពីរ​ឆ្នាំ​មក​ហើយ​​អោយច្បាប់​នេះ​ត្រូវ​រដ្ឋ​សភា​អនុម័ត​​​ ​អោយ​បាន​ឆាប់​។​ លោកស៊ុង ប៊ុណ្ណា ហ៊ានភ្នាល់​ថា៖ «នៅ​ក្នុងដំណាក់​កាល​វិបត្តិ​សេដ្ឋកិច្ច​ រដ្ឋាភិបាល​ត្រូវ​តែ​ពន្លឿន​​ការ​ដាក់​ដំណើរការ​ច្បាប់​នេះ ព្រោះ​វា​ជាការ​អូស​ទាញ​វិនិយោគិន និង​អ្នកការទូត​បរទេស។ ពួកគេ​នឹង​​មានលទ្ធភាព​​មក​ធ្វើ​វិនិយោគ ដោយ​មិន​ចាំបាច់​ជួល​កន្លែង​ស្នាក់នៅ​ ហើយ​ជាពិសេស​ ពេល​គេ​​ម​ក​ស្នាក់​នៅ​ប្រទេស​កម្ពុជា​ក្នុង​រយៈពេល​វែង។ ម្យ៉ាងទៀត វា​នឹង​ជួយ​ធ្វើ​អោយ​ទីផ្សារ​អចលនវត្ថុរបស់យើងមាន​សកម្មភាព​​​ឡើងវិញ!»។

លោកថោង​ វិច្ឆិកា អ្នកទទួល​ខុសត្រូវ​ផ្នែក​ទីផ្សារ​របស់​ក្រុមហ៊ុន​សាងសង់​កូរ៉េ​ខាង​ត្បូង De Castle Royal ក៏​ចង់​ឃើញវត្តមាន​ច្បាប់​នេះ​ដែរ។ ក្រុម​ហ៊ុន​នេះ​ជា​អ្នក​សាង​សង់​​អគារ​ខុនដូរខ្ពស់​ៗ​មួយ​នៅ​ក្រុង​ភ្នំពេញ។ លោក​វាយ តម្លៃថា៖ «វិនិយោគិន​បរទេស​ទន្ទឹង​​រង់​ចាំ​​​ច្បាប់​នេះ​ជាយូរ​មកហើយ ហើយ​វា​គួរ​តែ​ត្រូវ​បាន​អនុម័ត​​តាំង​ពី​មុន​ពេល​​មាន​វិបត្តិ​សេដ្ឋកិច្ច​ កើត​ឡើង​»។

ទិញចំណែក​ឯក​​ជន​នៃ​សហវិជិត​រាជ្យ​ មិនមែន​ទិញ​ដី​ទេ​
​ ច្បាប់​ភូមិបាលប្រកាស​អោយ​​ប្រើ​​នៅ​ថ្ងៃទី៣០ ខែសីហា ឆ្នាំ​២០០១ ចែង​​​ថា​ មានតែ​រូបវន្តបុគ្គល ឬនីតិបុគ្គល​​សញ្ជាតិ​ខ្មែរ​​ទេ អាច​ទទួល​បាន​កម្មសិទ្ធិ​ដីធ្លី​នៅ​កម្ពុជា។ បទបញ្ញាត្តិនេះនៅ​តែ​មានសុពលភាព​​ដដែល​។​ លោក​សេក សេដ្ឋា​ សង្កត់ធ្ងន់​ថា ​ជន​បរទេស​នឹង​​ទទួល​បាន​​កម្មសិទ្ធិ​​តែ​នៅ​លើ​សហវិជិតរាជ្យ​​ប៉ុណ្ណោះ មិន​អាច​ធ្វើ​ម្ចាស់​កម្មសិទ្ធិ​លើ​ដីធ្លី​ទេ។ ដូច្នេះ​ អគារនៅ​ជាន់​ផ្ទាល់​ដីគឺពួក​គេ​មិន​អាចទិញ​បានឡើយ។​​ នេះជា​ការ​ការពារ​​កុំ​អោយ​ដីកម្ពុជា​ធ្លាក់​ចូល​ទៅ​ក្នុង​ដៃអ្នក​​ដែល​ មិនមែន​ជា​ជន​ជាតិខ្មែរ។

លោកសេក សេដ្ឋា បកស្រាយថា ការ​ដាក់កំណត់​​នេះ​ស្រប​តាម​​ច្បាប់​របស់​ប្រទេស​ជិត​ខាង ដូច​ជា​​សិង្ហបុរីជាដើម។ នៅ​ប្រទេស​នេះ ជន​បរទេស​អាច​សុំ​ទិញ​អគារ​សហកម្ម​សិទ្ធិ​​ ​ចាប់​ពី​ជាន់​ទី​៦​ឡើង​​ទៅ​​។ លោក​ពន្យល់​ថា៖ «យើង​នៅ​កំពុង​គិត​​​ថាចាប់​ពី​​​ជាន់​ទី​ប៉ុន្មាន​​​ យើង​អនុញ្ញាត​អោយ​ពួកគេ​ទិញ​បាន​។ យើ​ងត្រូវ​កំណត់​បញ្ហា​នេះ​ទៅ​តាម​ស្ថានភាព​អចលនវត្ថុ​ជាក់​ស្តែង​​​​នៅ​ កម្ពុជា»​។ លោក​បន្ថែម​ថា ប្រទេស​ថៃឈាន​អនុញ្ញាត​អោយជន​បរទេស​ទិញ​ដី ប៉ុន្តែមានលក្ខខណ្ឌ​មួយ​ចំនួន​។ ចំណែក​​ឯ​ការ​ត្រួត​ពិនិត្យ​ច្បាប់​នេះ​ដោយ​អ្នក​តំណាង​រាស្រ្ត​ លោក​អនុរដ្ឋលេខាធិកា​រ​ថ្លែង​ថា​​​មិន​ទាន់​ត្រូវ​បាន​កំណត់​នៅឡើយ​ទេ​។​

សិទ្ធិបន្តមរតក​ត្រូវ​បាន​ទទួល​ស្គាល់​សម្រាប់ជនបរទេស​
លោក ​សេក សេដ្ឋា គូស​បញ្ជាក់ថា​ អនាគតកម្មសិទ្ធិ​ករ​ជាជនបរទេស​ទាំងនេះ​«នឹង​មាន​សិទ្ធិ​លក់ ផ្ទេរមរតក ឬដាក់​បញ្ចាំ​ទ្រព្យ​សម្បត្តិអចលនទ្រព្យ​​របស់​ពួកគេ ដោយត្រូវ​គោរព​តាម​បទបញ្ជា​ផ្ទៃក្នុង​ ​ដើម្បី​ការ​គ្រប់​គ្រងល្អ​ និង​ការ​ថែរក្សា​អគារ»។ សព្វថ្ងៃ បទបញ្ជា​ផ្ទៃក្នុង​នេះ​កំពុង​ត្រូវ​ក្រសួង​របស់​លោក​រៀប​រៀង​ឡើង​។ បទ​បញ្ជា​ផ្ទៃក្នុង​នេះ​នឹង​កំណត់​សិទ្ធិ ករណីយកិច្ច​ និង​ទំនួល​ខុសត្រូវ​របស់​ម្ចាស់​កម្មសិទ្ធិជាជន​បរទេស​។

កិច្ចសន្យា​គ្រោះថ្នាក់​សម្រាប់​វិនិយោគិន
រហូត ​មក​ដល់​ពេលនេះ ជនបរទេស​ទាំងអស់​ដែល​ចង់ទិញ​ដីធ្លី ឬ​ផ្ទះ​នៅ​កម្ពុជា គឺ​ត្រូវ​ខ្ចី​ឈ្មោះ​ជន​​ជាតិខ្មែរ​ម្នាក់​ ហើយ​ជានិច្ច​កាល​ពួកគេ​ត្រូវ​ចុះ​ហត្ថលេខា​​លើ​កិច្ច​សន្យា​​មួយ​រវាង​គ្នា​ ​​​។ បើ​តាម​ច្បាប់ភូមិបាល​​ កិច្ច​សន្យា​មាន​រយៈ​ពេល​មិនអោយលើស​ពី​៩៩​ឆ្នាំ​ឡើយ​ នៅ​ក្នុង​ក្រប​ខ័ណ្ឌ​សម្បទាន​​ដីធ្លី ហើយ​​ចំពោះ​ការជួល​ផ្ទះ​គឺច្បាប់​មិនមាន​កំណត់​រយៈ​ពេល​ឡើយ​ តែ​រយៈ​ពេល​វែង​គឺ​ចាប់​ពី​១៥​ឆ្នាំ​ឡើង​ទៅ​។​ លោក​ស៊ុង ប៊ុណ្ណា ភ្នាក់ងារ​អចលនទ្រព្យម្នាក់​លើក​ឡើង​ថា ការ​អនុវត្ថ​បែបនេះ​​មិន​មែន​គ្មាន​​គ្រោះ​ថ្នាក់​​ទេ​​ ព្រោះថា​ជន​បរទេស​មិន​ត្រូវ​បាន​ការពារ​​ក្នុងការ​បាត់​បង់​ទ្រព្យ​សម្បត្តិ ​ ក្នុងករណី​មរណ​ភាព លែងលះ ការ​បន្លំ ឬក៏ការ​ក្ស័យ​ធន​របស់​អ្នក​អោយ​ឈ្មោះខ្ចីនោះទេ។ «ជាមួយ​នឹង​ច្បាប់​​ថ្មី​នេះ វិនិយោគិន​នឹង​មាន​ទំនុក​ចិត្ត​ច្រើន ជាពិសេស​សម្រាប់​អ្នកវិនិយោគមធ្យម»។

លោក​ថោង វិច្ឆិកា បាន​បញ្ជាក់​ថា​ ក្នុង​​ចំណោម​ជនបរទេស​ដែល​បាន​វិនិយោគនៅ​ក្នុង​សំណង់​សហវិជិតរាជ្យរបស់​ De Castle Royal (សព្វ​ថ្ងៃ​​តម្លៃក្នុង​១ម៉ែត្រការ៉េ​ចន្លោះ​ពី១ ៣០០ដុល្លារទៅ១ ៨០០​ដុល្លារ) មាន១០​%ធ្វើ​ឡើង​ក្នុង​នាម​​ក្រុមហ៊ុន​​ពួកគេ​ដោយសហការ​ជាមួយ​ជនជាតិ​ខ្មែរ ដើម្បី​​រស់នៅ​ ហើយ​៦០%​ទៀត​គឺដើម្បី​ធ្វើ​ជំនួញ​​។ រីឯ​ចំណែក​​នៅ​សល់​៣០%​ទៀត មិន​ត្រូវ​បាន​បញ្ជាក់​ពី​កម្មវត្ថុ​ច្បាស់​លាស់​។​

សម្រាប់ពេលនេះ គេ​មិន​ទាន់​ដឹង​ពី​បែប​បទ​ច្បាស់​លាស់​ក្នុងការ​ស្នើសុំ​ធ្វើ​ជាម្ចាស់​ កម្មសិទ្ធិ​​របស់​ជន​​បរទេស​​​នៅឡើយ​ទេ។​ ចំណុច​នេះ​កំពុង​ស្ថិត​នៅ​ក្នុង​ការពិភាក្សា។

0 comments:

Post a Comment